នៅពេលដែលណាពី ﷺ បញ្ជូន មូអាស ពិន ហ្ជាហ្ពាល់ ទៅកាន់ប្រទេសយេមែនក្នុងនាមជាអ្នកអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់ និងជាអ្នកបង្រៀនច្បាប់អ៊ីស្លាមដល់ពួកគេ លោកបានបញ្ជាក់ប្រាប់ដល់មូអាសថា ច្បាស់ណាស់គាត់នឹងទៅជួបនឹងពួកគ្រឹស្ទាន(ណាសរ៉នី)មួយក្រុម ដើម្បីឲ្យគាត់ត្រៀមខ្លួនប្រឈមមុនពួកគេ។ បន្ទាប់មក ត្រូវធ្វើការអំពាវនាវពួកគេ ដោយចាប់ផ្តើមពីអ្វីដែលសំខាន់ជាងគេបំផុតមុន។ គាត់ត្រូវអំពាវនាវពួកគេទៅកាន់គោលជំនឿដែលត្រឹមត្រូវជាមុនសិន ដោយឱ្យពួកគេធ្វើសាក្សីថា៖ “لا إله إلا الله، وأن محمدا رسول الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ណាពីមូហាំម៉ាត់ គឺជាអ្នកនាំសារ(រ៉សូល)របស់អល់ឡោះ) ព្រោះថា ការចូលសាសនាឥស្លាម គឺតាមរយៈការពោលពាក្យនេះ។ ប្រសិនបើពួកគេគោរពតាមហើយនោះ ត្រូវបង្គាប់ប្រើពួកគេឲ្យប្រតិបត្តិសឡាត ព្រោះវាជាកាតព្វកិច្ចដ៏ធំធេងជាងគេបំផុតបន្ទាប់ពីការមានជំនឿចំពោះអល់ឡោះតែមួយគត់(តាវហេទ)។ ប្រសិនបើពួកគេប្រតិបត្ដិសឡាតហើយ ត្រូវបង្គាប់ប្រើអ្នកមាននៃពួកគេឲ្យបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ខ្លួនទៅឱ្យជនក្រីក្រនៃពួកគេ។ បន្ទាប់មក ណាពី ﷺ លោកបានព្រមានមូអាសឲ្យមានការប្រុងប្រយ័ត្នចំពោះការដកយកទ្រព្យដែលល្អជាងគេរបស់ពួកគេ(ក្នុងពេលដកហ្សាកាត់) ព្រោះថា ជាកាតព្វកិច្ច គឺត្រូវយករបស់ធន់កណ្ដាលប៉ុណ្ណោះ(មិនល្អពេក ហើយក៏មិនអន់ពេក)។ បន្ទាប់មក លោកបានផ្តាំផ្ញើមូអាសឱ្យចៀសវាងការបំពានលើអ្នកដទៃដើម្បីកុំឲ្យអ្នកដែលត្រូវគេបំពាននោះបួងសួងពីអល់ឡោះឲ្យរូបគេទទួលនូវក្តីវិនាស ព្រោះថាការបួងសួងរបស់ជននោះ គឺគេនឹងទទួលយក។
Hadeeth benefits
អត្ថន័យនៃការធ្វើសាក្សីថា “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ គឺការថ្វាយនូវការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ចំពោះអល់ឡោះតែមួយអង្គគត់ ហើយបោះបង់ចោលការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់។